រឿងនិទានអប់រំ «បាយថ្ងៃត្រង់ខុងជឺ»

By on November 18, 2022

រឿង «បាយថ្ងៃត្រង់ ខុងជឺ» មានភាពល្បីល្បាញយ៉ាងខ្លាំងតាំងពីសម័យចិនបុរាណកាលពី២៥០០ឆ្នាំមុនរហូតមកទល់បច្ចុប្បន្ន ដែលបានផ្សព្វផ្សាយអប់រំមនុស្សឱ្យចេះគិតគូរពិចារណាស្វែងយល់ ឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងសម្រេចចិត្តសន្និដ្ឋានលើហេតុការណ៍ណាមួយ។

រឿងនេះត្រូវបានដកស្រង់ចេញពីដំណើរផ្សព្វផ្សាយលទ្ធិទស្សនវិជ្ជា នៅទូទាំងពិភពចិនសម័យបុរាណ ដែលមានរយៈពេល១៣ឆ្នាំរបស់ទស្សនវិទូមហាកំផែង ខុង ជឺ។ រាល់ពេលចេញដំណើរម្ដងៗ ខុង ជឺ តែងតែនាំសាវ័ក (សិស្ស) របស់លោកជាច្រើននាក់ទៅជាមួយ។ ក្នុងចំណោមសាវ័កទាំងអស់នោះ មានសាវ័កពីរនាក់ជាសិស្សជំនិតដ៏ទុកចិត្តបំផុតរបស់លោក ព្រោះតែគុណធម៌ និងភាពវាងវៃរបស់ពួកគេ។

* រឿងនេះមានដំណើរនិទានដូចតទៅ៖

កាលវេលាមួយ ខុង ជឺ បានដឹកនាំក្រុមសាវ័កធ្វើដំណើរចេញពីនគរលូ (Lu) ឬនគរចូវ (Zhou) ដែលជាស្រុកកំណើតរបស់លោកទៅកាន់នគរជិតខាង (ចាប់ពីឆ្នាំ ១០០០-២១០ មុនគ្រិស្តសករាជ ប្រទេសចិនត្រូវបានបែងចែកជាច្រើននគរ) ហើយគាត់បាននាំសិស្សសំណព្វទាំងពីរនាក់ជាមួយគ្នាផងដែរ។

ក្នុងពេលធ្វើដំណើរនោះ សិស្សរបស់គាត់មានការស្រេកឃ្លានជាខ្លាំង តែមិនមាននណាម្នាក់ហ៊ានត្អូញត្អែរនោះទេ ព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេ។ នៅពេលទៅដល់នគរឈូ (Chu) ពួកគេបានអស់ស្បៀងអាហារ តែសំណាងល្អដោយមានអ្នកស្រុកឈូធ្លាប់ឮល្បីឈ្មោះរបស់ ខុង ជឺ ពួកគេក៏បានបរិច្ចាគអង្ករបន្តិចបន្តួចសម្រាប់ ខុង ជឺ និងសិស្សរបស់លោកបរិភោគ។

គាត់បានបែងចែកការងារឱ្យសិស្សជំនិតរបស់គាត់ពីរនាក់ ដោយម្នាក់នាំសិស្សដទៃទៅរកបន្លែ ហើយម្នាក់ទៀតនៅដាំបាយ។
ក្នុងពេលសិស្សម្នាក់កំពុងដាំបាយ ខុង ជឺ កំពុងអានសៀវភៅ។ រំពេចនោះ គាត់បានឮសំឡេងចេញពីកន្លែងដាំបាយ គាត់ក៏ចូលទៅមើល ស្រាប់តែឃើញកូនសិស្សជាទីស្រលាញ់របស់គាត់ ដែលគាត់ទុកចិត្តខ្លាំងបំផុតនោះ កំពុងតែដួសបាយហូបមុនគេមុនឯង ក្នុងកិរិយាកំពុងលាក់លៀមលួចមើលឆ្វេងស្តាំ។ ខុង ជឺ មានការខកចិត្តយ៉ាងខ្លាំងចំពោះសិស្សម្នាក់នេះ ដែលលោកតែងតែទុកចិត្តជាងគេបំផុត បែរជាគេហ៊ានក្បត់នឹងគ្រូ ក៏ដូចជាមិត្តភក្តិយ៉ាងនេះទៅវិញ។

ពេលបាយថ្ងៃត្រង់ក៏ឈានមកដល់ ប៉ុន្តែមុនចាប់ផ្ដើមហូបបាយ ខុង ជឺ នឹកឃើញវិធីមួយដើម្បីដេញតម្រិះសិស្សជើងល្អរបស់គាត់ ចាំមើលថា ព្រមវាចារការពិតនូវអ្វីដែលគេបានធ្វើនោះឬអត់?

គិតហើយ ខុង ជឺ និយាយថា «គ្រូសូមអរគុណសិស្សទាំងអស់គ្នា ដែលបានតាមគ្រូមក ដោយមិនគិតពីការនឿយហត់ និងមិនបានរអ៊ូរទាំអ្វីទាំងអស់។ ឆ្លងកាត់ពេលវេលាជាច្រើនថ្ងៃមកហើយ ហើយថ្ងៃនេះគ្រូមានអារម្មណ៍ថានឹកស្រុកកំណើតរបស់យើង និងឪពុកម្តាយរបស់គ្រូណាស់ គ្រូចង់យកបាយមួយចានតូច សម្រាប់សែនជូនវិញ្ញាណក្ខន្ធពួកគាត់ ប៉ុន្តែមិនដឹងថាបាយនេះជាបាយល្អបរិសុទ្ធ ឬអត់?»

សិស្សគ្រប់គ្នាមិនយល់ពីអ្វីដែលលោកគ្រូ ខុង ជឺ របស់ពួកគេបាននិយាយនោះទេ ប៉ុន្តែរំពេចនោះសិស្សម្នាក់ដែលជាអ្នកដាំបាយក៏បាននិយាយថា «មិនអាចទេលោកគ្រូ បាយទាំងនេះមិនស្អាតស្អំបរិសុទ្ធនោះឡើយ ពីព្រោះខ្ញុំបានហូបវាមុនបាត់ទៅហើយលោកគ្រូ»

លោក ខុង ជឺ ធ្វើដូចជាភ្ញាក់ផ្អើល ហើយបន្តសួរទៀតថា «ហេតុអ្វីបានជាឯងធ្វើដូច្នេះ?» សិស្សនោះឆ្លើយទៀតថា «នៅពេលខ្ញុំកំពុងដាំបាយ ស្រាប់តែមានខ្យល់បក់កម្ទេចធូលីហុយចូលបាយក្នុងឆ្នាំង ធ្វើឱ្យផ្នែកខាងលើប្រឡាក់ទៅដោយធូលីដី ខ្ញុំមិនហ៊ានដួសបាយប្រឡាក់ដីនោះចេញទេ ពីព្រោះបាយកំពុងមានតិចស្រាប់ផង ប្រសិនបើខ្ញុំដួសវាចេញ នោះពួកយើងនឹងមិនអាចហូបឆ្អែតគ្រប់គ្នានោះឡើយ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តហូបបាយដែលប្រឡាក់ដីខាងលើនោះមុនគេទៅលោកគ្រូ»

សិស្សដដែលនោះបាននិយាយបន្តទៀតថា «ខ្ញុំមិនហ៊ានប្រាប់លោកគ្រូ និងអ្នកទាំងអស់គ្នាទេ ដោយខ្ញុំគិតថាខ្ញុំមិនហូបបាយដែលនៅសល់នេះទៀតឡើយ គឺហូបតែបន្លែទៅបានហើយ ដើម្បីទុកបាយជូនលោកគ្រូ និងអ្នកទាំងអស់គ្នាពិសា»

ខុង ជឺ និងសិស្សដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើស្មោះត្រង់បរិសុទ្ធរបស់សិស្សជំនិតម្នាក់នោះ ហើយលោកក៏បានពោលថា «ព្រះអើយហេតុការណ៍ដែលខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយ វានៅតែមិនអាចឱ្យខ្ញុំយល់ត្រឹមត្រូវបានទៀត ពិតជាគួរឲ្យសោកស្តាយនូវគំនិតទុទ្ទិដ្ឋិនិយមរបស់ខ្ញុំនៅមុននេះណាស់»

រឿងនេះបានបង្កប់អត្ថន័យឱ្យយើងយល់ច្បាស់អំពីសុភាសិតរបស់ ខុង ជឺ «កុំហ៊ានសន្និដ្ឋាននូវអ្វីដែលអ្នកគ្រាន់តែឃើញ តែមិនទាន់បានស្វែងយល់» ដែលមុននឹងសម្រេចចិត្តសន្និដ្ឋានទៅលើអ្វីមួយនោះ ចាំបាច់ត្រូវស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងការស្ដាយក្រោយបង្កវិប្បដិសារីដល់ខ្លួនឯង៕

About Thea

You must be logged in to post a comment Login